Thursday, March 8, 2012

អ្នកដើរម៉ូដសព្វថ្ងៃរកប្រាក់បានដោយខែ


   
Wednesday, 07 March 2012 00:49
ជីវិតអ្នកបង្ហាញម៉ូដនៅកម្ពុជា វាមិនដូច ទាល់តែសោះជាមួយជីវិតអ្នកបង្ហាញម៉ូដ នៅប្រទេសរីកចម្រើន ពិសេសអ្នកបស្ចិម ប្រទេសនោះទេ ។ អ្នកដើរបង្ហាញម៉ូដ នៅកម្ពុជាអាចរកប្រាក់បានទៅតាមរដូវកាលប៉ុណ្ណោះ ។ នេះជាការរៀបរាប់របស់លោក ម៉ែន និមលរ័ត្ន នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនបង្ហាញម៉ូដសាន់ម៉ូដែល ។

      ជួបជាមួយលោក ម៉ែន និមលរ័ត្ន នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនបង្ហាញម៉ូដសាន់ម៉ូដែលតាមទូរស័ព្ទ នាថ្ងៃទី ១០ កុម្ភៈ ២០១២ កន្លងទៅបានឱ្យដឹងថា ចំពោះលោកផ្ទាល់មិនបដិសេធទៅនឹងមតិអ្នកខ្លះដែលបានលើកឡើងថា អ្នកដើរម៉ូដសព្វថ្ងៃបានតែល្អ មើលមិនល្អស៊ី ព្រោះមិនអាចពឹងផ្អែកទាំងស្រុងជាមួយនឹងអាជីពបង្ហាញម៉ូដមួយមុខនោះទេ គឺទាល់តែមានមុខរបរ ឬ អាជីព ផ្សេងទើបអាចរស់បាន ។ លោកទទួលស្គាល់ថា វាជាការពិតព្រោះបើពឹងទាំងស្រុងលើការដើរម៉ូដវាពិបាកដែរ ដោយសារ កម្មវិធីដើរម៉ូដនៅស្រុកខ្មែរសព្វថ្ងៃមានដោយខែ ដូចជាចាប់ពីខែឧសភាដល់ខែវិច្ឆិកាគេអាចរកប្រាក់បានច្រើន មានចំណូលខ្ពស់ទប់ទល់ ជីវភាពបាន តែបើចាប់ពីខែកក្កដាដល់ខែតុលាអត់សូវមានកម្មវិធីចេញដើរម៉ូដឡើយ និង ខែខ្លះអត់មានបានដើរម៉ូដ សោះ ក៏មានដែរ ទោះយ៉ាងណាក៏លោកជឿថាការដើរម៉ូដនៅក្នុងស្រុកខ្មែរមិននៅទ្រឹងទេ គឺពិតជាទទួលបាននូវការចាប់ អារម្មណ៍ គាំទ្រច្រើនពីអ្នកស៊ីវិល័យដូចនៅបរទេសដែរនាពេលខាងមុខ ដែលគេបានឱ្យតម្លៃខ្ពស់ និង និយមចូលចិត្ត មើលការបង្ហាញ ម៉ូដណាស់ ។
      តាមប្រភពខ្លះបានឱ្យដឹងថា ការដើរបង្ហាញម៉ូដនៅក្នុងស្រុកខ្មែរសព្វថ្ងៃ ក្នុងមួយកម្មវិធីអ្នកដើរបង្ហាញ ម៉ូដម្នាក់អាចទទួលបានពី ៥០ ទៅ ១៥០ ដុល្លារ ទៅតាមកម្មវិធីតូច ឬ កម្មវិធីធំ ។ អ្នកបង្ហាញម៉ូដខ្មែរភាគច្រើនមានមុខរបរផ្សេងៗទៀតមកទប់ទល់ជីវភាព ប្រចាំថ្ងៃ ។ ពួកគេមិនអាចពឹងផ្អែក ទៅលើការបង្ហាញម៉ូដទាំងស្រុងនោះទេ ។
      លោក ម៉ែន និមលរ័ត្ន បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនបង្ហាញម៉ូដសាន់ម៉ូដែល បានបង្កើតឡើងកាលពី ខែសីហា ២០១០ មានសម្បូរទៅដោយអ្នក ដើរម៉ូដវ័យក្មេងសរុបជាងមួយរយនាក់ និង បានបែងចែកជាក្រុមដើរម៉ូដចំនួនបួនក្រុម និង ក្រុមរាំមានពីរ ក្រុម គឺក្រុមសាន់ប៊យមានប្រាំនាក់ និង ក្រុម សាន់នីមានបួននាក់ ។ ចំពោះក្រុមដើរម៉ូដចំនួនបួនក្រុមនោះរួមមានចែកជាក្រុមសាន់ស៊ុបពើរម៉ូដែល ខេមបូឌា ដែលមានសមាជិក អ្នកដើរម៉ូដ សរុប ៦០ នាក់ សុទ្ធតែមានកម្ពស់ខ្ពស់ខ្នាតអន្តរជាតិ បើស្រីមានកម្ពស់ ចាប់ពី ១,៦៦ ម៉ែត្រឡើងទៅ និង បើប្រុសមានកម្ពស់ចាប់ពី ១,៧៨ ឡើង ដោយក្រុមនេះមានលទ្ធភាពច្រើនក្នុងការចេញដើរម៉ូដ គឺមានទាំងនៅក្នុង ប្រទេស ទាំងចេញទៅក្រៅប្រទេស ដូចជាកាលពីខែកញ្ញា ២០១១ កន្លង ទៅ ក្រុមនេះបានទៅដើរបង្ហាញម៉ូដនៅឯប្រទេសវៀតណាមទៀតផង ។
      ចំណែកក្រុមបង្ហាញម៉ូដសាន់ម៉ូដែល ខេមបូឌា ក៏មានគ្នា ៦០ នាក់ដែរ តែដោយសមាជិកក្នុងក្រុមបង្ហាញ ម៉ូដនេះ ស្រីមានកម្ពស់ត្រឹម ១,៦០ ម៉ែត្រ និង ប្រុសកម្ពស់ត្រឹម ១,៦៥ ម៉ែត្រ មិនចូលខ្នាតអន្តរជាតិ ទើបមិនអាចមានលទ្ធភាពទៅចូលរួមបង្ហាញម៉ូដនៅក្រៅប្រទេសបាន គឺ ត្រឹមបង្ហាញនៅក្នុងប្រទេសប៉ុណ្ណោះ ។

      រីឯពីរក្រុមដែលទើបបង្កើត និង មិនទាន់ដំណើរការរលូននៅឡើយគឺ មានក្រុមសាន់ប៉ឺទីម៉ូដែល ខេមបូឌា ដែលសុទ្ធសឹងជាយុវវ័យក្មេងៗស្អាតៗ ទាស់តែមានកម្ពស់ទាប និង តូចៗបន្តិច មានសមាជិក ១០ នាក់ និង ក្រុមសាន់ផ្លាស់សាយម៉ូដែល ខេមបូឌា គឺមានសមាជិក ១០ នាក់ដែរ តែ សុទ្ធតែជាមនុស្សធាត់ៗ ។ ពីរក្រុមនេះត្រូវបានរៀបចំបង្កើតឱ្យមានឡើង ដើម្បីបំពេញតាមបំណង និង តម្រូវការរបស់ម្ចាស់កម្មវិធីមួយចំនួនដែល ចង់បង្ហាញឱ្យគេឃើញម៉ូដប្លែកៗដោយមិនគិតពីកម្ពស់ ដូចជាខ្លះចង់បាន ក្មេងៗស្អាតដើរម៉ូដ និង ខ្លះចង់បានអ្នកធាត់ៗដើរម៉ូដ ។
      បច្ចុប្បន្ននេះសមាជិកក្រុមបង្ហាញម៉ូដមិនមែនមានអាជីពតែមួយមុខនេះ ទេ គឺគេមានរបរ ឬ អាជីពផ្សេងទៀត ដូចជាខ្លះជាពិធីករ ខ្លះជាអ្នក សម្តែង ខ្លះជាអ្នកចម្រៀង... ដូច្នេះនៅពេលណាដែលមានគេត្រូវការហៅ ឱ្យដើរម៉ូដទើបមកជួបជុំគ្នាហាត់ដើរសមតែមួយថ្ងៃ ឬ ពីរថ្ងៃប៉ុណ្ណោះ រួចហើយក៏ចេញបង្ហាញម៉ូដបានដែលមិនសូវជារវល់អ្វីច្រើនឡើយ ៕