Monday, March 5, 2012

រុស្ស៊ីនឹងមិន​ជំ​នួយ​​យោធា ប្រសិន​បើ​​ស៊ីរី​​ត្រូវ​វាយ​លុក


ឆ្លើយតបជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Alexandr Lukashevic អះអាងថាៈ រុស្ស៊ីនឹងមិន
ជំនួយយោធាឲ្យស៊ីរីទេ ព្រោះសន្ធិសញ្ញាសហប្រតិបត្តិការមិត្តភាព រវាងភាគីទាំងពីរ ពុំមានពាក្យពេចន៍ណាមួយ និយាយពីការ
ជំនួយយោធាឡើយ ដោយគ្រាន់តែផ្តោតលើយន្តការប្រឹក្សាយោបល់ តាមទម្លាប់អន្តរជាតិប៉ុណ្ណោះ។

លោក Lukashevich ចង់និយាយផ្តោតទៅលើសន្ធិសញ្ញាសហប្រតិបត្តិការ និងមិត្តភាពរុស្ស៊ី-ស៊ីរី ចុះហត្ថលេខានៅឆ្នាំ១៩៨០
ក្នុងនោះ កំណាត់ថា ភាគីទាំងសងខាង នឹងរួមគោលជំហរ និងសហការសំដៅកម្ចាត់រាល់ការគំរាមកំហែងណាមួយ ចំពោះ
សន្តិសុខ និងសន្តិភាពរបស់ប្រទេសនិមួយៗ។ តាមលោក Lukashevic ថ្វិបើសន្ធិសញ្ញានេះ បច្ចុប្បន្ននៅមានប្រសិទ្ធិភាព តែ
វាពុំអនុញ្ញាតិឲ្យក្រុងមូស្គូ គិតគូរដល់ផែនការជំនួយយោធាដល់ស៊ីរីទេ។
នេះជាលើកដំបូងហើយ ដែលរុស្ស៊ីបានធ្វើការបដិសេធចំៗ ទៅលើគំរោងសង្គ្រោះអាសន្ន ឲ្យសម្ព័ន្ធមិត្តតែ១គត់ ដែលនៅសល់
ក្នុងពិភពអារ៉ាប់។ ឥរិយាបថនេះ បានរុញច្រានស៊ីរី ធ្លាក់ក្នុងស្ថានភាពកាន់តែឯកោ ពិសេស គ្រាដែលអាមេរិក និងលោកខាង
លិច បន្តបង្កើនសម្ពាធលើរដ្ឋការរបស់ប្រធានាធិបតី Al-Assad ចំពោះហេតុផលថា ស្ថានការណ៍មនុស្សធម៌ កំពុងធ្លាក់ចុះ
ដុនដាបនៅស៊ីរី ដែលពីមួយថ្ងៃទៅមួយថ្ងៃ ពលរដ្ឋប្រទេសនេះ ពុំបានទទួលនូវប្រភពផ្គត់ផ្គង់ស្បៀងអាហារ និងសេវាសុខា-
ភិបាលចាំបាច់ ពិសេសនៅតំបន់កំពុងមានការប្រយុទ្ធស្វិតស្វាញ ដូចជាៈ Homs, Hania, Daraa និង Idlib។
លោក បាន គីមួន បានអំពាវនាវឲ្យស៊ីរី ត្រូវប្រញាប់បើកទ្វារទទួលជំនួយសង្គ្រោះមនុស្សធម៌ ដោយគ្មានលក្ខ័ណ្ឌ ប្រសិនបើពុំ
ចង់រងទទួលនូវការដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងនេះ របស់សហគមន៍អន្តរជាតិ៕